គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:20-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. តាម​ផ្លូវ​ដែល​ទ្រង់ បាន​តាំង​សំរាប់​យើង​រាល់​គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំង‌នន គឺ​ជា​រូប​សាច់​របស់​ទ្រង់

21. ហើយ​ដែល​មាន​សំដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ

22. នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅ‌ហ្មង​ផង ហើយ​បាន​លាង​រូប‌កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ

23. ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ‌រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ‌ត្រង់

24. ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង

25. ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ

26. ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្ដី​ពិត​ហើយ បើ​យើង​ធ្វើ​បាប ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា សំរាប់​នឹង​លោះ​បាប​ទៀត​ទេ

27. មាន​តែ​រង់‌ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំ​ជំរះ និង​សេចក្ដី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ

28. ឯ​អ្នក​ណា​ដែល​ក្បត់​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ នោះ​បាន​ត្រូវ​ស្លាប់​ឥត​ប្រណី ដោយ​សេចក្ដី​បន្ទាល់​របស់​មនុស្ស​២ឬ៣​នាក់

29. ចុះ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គេ​គួរ​មាន​ទោស​ជា​ធ្ងន់​ជាង​យ៉ាង​ណា​ទៅ ដែល​គេ​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ទាំង​រាប់​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ទុក​ដូច​ជា​របស់​ប្រើ​ធម្មតា ហើយ​ត្មះ‌តិះដៀល​ដល់​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ​ផង​នោះ

30. ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «សេចក្ដី​សង‌សឹក​ជា​របស់​ផង​អញ អញ​នឹង​សង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់» ហើយ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​នឹង​ជំនុំ​ជំរះ​រាស្ត្រ​ទ្រង់»

31. រីឯ​ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់។

32. ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាល​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ

33. ដោយ‌សារ​គេ​យក​អ្នក​រាល់​គ្នា​ទុក​ជា​ល្បែង​មើល​លេង ទាំង​ត្មះ‌តិះដៀល ហើយ​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា​នោះ​ម្យ៉ាង ហើយ​មួយ​ទៀត ដោយ​អ្នក​រាល់​គ្នា​បាន​ភប់‌ប្រសព្វ​នឹង​ពួក​អ្នក ដែល​ត្រូវ​ទុក្ខ​លំបាក​ដូច្នោះ​ម្យ៉ាង​ផង

34. ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ‌សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់‌លាប់​ផង នៅ​ឯ​ស្ថាន‌សួគ៌

35. ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ

សូមអានជំពូកពេញលេញ ហេព្រើរ 10