គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:11-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការ‌ងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ជា​ញឹក‌ញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ

12. តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ

13. ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់

14. ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប‌ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ

15. ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

16. «ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង»

17. នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»

18. ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។

19. ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្ដី​ក្លៀវ‌ក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ

20. តាម​ផ្លូវ​ដែល​ទ្រង់ បាន​តាំង​សំរាប់​យើង​រាល់​គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំង‌នន គឺ​ជា​រូប​សាច់​របស់​ទ្រង់

21. ហើយ​ដែល​មាន​សំដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ

22. នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅ‌ហ្មង​ផង ហើយ​បាន​លាង​រូប‌កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ

23. ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ‌រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ‌ត្រង់

24. ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង

25. ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ

26. ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្ដី​ពិត​ហើយ បើ​យើង​ធ្វើ​បាប ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា សំរាប់​នឹង​លោះ​បាប​ទៀត​ទេ

27. មាន​តែ​រង់‌ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំ​ជំរះ និង​សេចក្ដី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ

28. ឯ​អ្នក​ណា​ដែល​ក្បត់​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ នោះ​បាន​ត្រូវ​ស្លាប់​ឥត​ប្រណី ដោយ​សេចក្ដី​បន្ទាល់​របស់​មនុស្ស​២ឬ៣​នាក់

សូមអានជំពូកពេញលេញ ហេព្រើរ 10