គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 9:12-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. សេចក្ដី​វេទនា​ទី​១​បាន​កន្លង​ទៅ​ហើយ មើល មាន​សេចក្ដី​វេទនា​២​យ៉ាង មក​តាម​ក្រោយ​ទៀត។

13. ទេវតា​ទី​៦​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឮ​សំឡេង​១ ចេញ​ពី​ស្នែង​ទាំង​៤​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ

14. ក៏​និយាយ​ទៅ​ទេវតា​ទី​៦ ដែល​កាន់​ត្រែ​ថា ចូរ​ស្រាយ​ទេវតា​ទាំង​៤ ដែល​ចង​ទុក​នៅ​ទន្លេ​អ៊ើប្រាត​ដ៏​ជា​ធំ​ទៅ

15. នោះ​ក៏​ស្រាយ​ទេវតា​ទាំង​៤ ដែល​ប្រុង​ប្រៀប​សំរាប់​ពេល​កំណត់​ថ្ងៃ ខែ និង​ឆ្នាំ ដើម្បី​នឹង​សំឡាប់​មនុស្ស​១​ភាគ​ក្នុង​៣​ចោល

16. ឯ​ចំនួន​ពល​សេះ នោះ​មាន​២០​កោដិ ខ្ញុំ​ក៏​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ

17. ហើយ​ក្នុង​ការ​ជាក់​ស្តែង​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ និង​អ្នក​ដែល​ជិះ​ដែរ គេ​មាន​ពាក់​អាវ​សឹក​សម្បុរ​ភ្លើង ស្វាយ​ខ្ចី និង​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​នោះ​ដូច​ជា​ក្បាល​សិង្ហ មាន​ភ្លើង ផ្សែង ហើយ​ស្ពាន់‌ធ័រ​ដែល​ចេញ​ពី​មាត់​វា​មក

18. មនុស្ស​លោក​១​ភាគ​ក្នុង​៣​បាន​ស្លាប់ ដោយ​សេចក្ដី​ទេវនា​ទាំង​៣​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​វា​មក​នោះ​ឯង

19. ពី​ព្រោះ​អំណាច​របស់​សេះ​ទាំង​នោះ គឺ​មាន​នៅ​ក្នុង​មាត់ និង​ក្នុង​កន្ទុយ​វា ដ្បិត​កន្ទុយ​វា​ដូច​ជា​ពស់ ដែល​មាន​ក្បាល ហើយ​វា​ក៏​ធ្វើ​ទុក្ខ​ដោយ‌សារ​កន្ទុយ​នោះ

20. រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់ ដោយ‌សារ​សេចក្ដី​វេទនា​ទាំង​នោះ ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត ចេញ​ពី​ការ​ដែល​ស្នាដៃ​គេ​ធ្វើ ដើម្បី​នឹង​លះ​ចោល​ការ​គោរព​ដល់​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ​ក្តី ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ឡើយ

21. ក៏​មិន​បាន​ប្រែ​ចិត្ត​ចោល​ការ​កាប់​សំឡាប់ មន្ត‌អាគម កំផិត និង​ការ​លួច​ប្លន់ ដែល​គេ​ប្រព្រឹត្ត​ផង​ដែរ។

សូមអានជំពូកពេញលេញ វិវរណៈ 9