គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 3:15-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី

16. ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ​ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ

17. ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុក‌ស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ

18. បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស​ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀក‌បំពាក់​ស ឲ្យ​បាន​ស្លៀក‌ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ

19. អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ

20. មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ

21. ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះ‌វរ‌បិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ

22. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

សូមអានជំពូកពេញលេញ វិវរណៈ 3