គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 3:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់‌ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង ដែល​ត្រូវ​មក​លើ​លោកីយ៍​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន

11. មើល អញ​មក​ជា​ឆាប់​ហើយ ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ឯង​មាន​ហើយ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​ឯង​បាន​ឡើយ

12. អ្នក​ណា​ដែល​ឈ្នះ អញ​នឹង​យក​អ្នក​នោះ​ធ្វើ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​អញ រួច​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ទៀត​ឡើយ ហើយ​អញ​នឹង​កត់​ព្រះ‌នាម​នៃ​ព្រះ​របស់​អញ និង​ឈ្មោះ​ក្រុង​របស់​ព្រះ​នៃ​អញ នៅ​លើ​អ្នក​នោះ គឺ​ជា​ឈ្មោះ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ​នៃ​អញ ហើយ​នឹង​កត់​ឈ្មោះ​ថ្មី​របស់​អញ​ដែរ

13. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

14. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​ដ៏​ជា «អាម៉ែន» ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​ការ​ដែល​ព្រះ​ទ្រង់​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

15. អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី

16. ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ​ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ

17. ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុក‌ស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ

18. បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស​ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀក‌បំពាក់​ស ឲ្យ​បាន​ស្លៀក‌ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ

19. អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ

សូមអានជំពូកពេញលេញ វិវរណៈ 3