គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 3:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​សើដេស​ថា ព្រះ​ដ៏​មាន​ព្រះ‌វិញ្ញាណ​ទាំង​៧ និង​ផ្កាយ​ទាំង​៧ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ប្រព្រឹត្ត​ហើយ គឺ​ដែល​ឯង​មាន​ឈ្មោះ​ថា​រស់ តែ​ឯង​ស្លាប់​ទេ

2. ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចម្រើន​កំឡាំង​ដល់​អ្វីៗដែល​នៅ​សល់ ដែល​រៀប​នឹង​ស្លាប់​នោះ​ដែរ ដ្បិត​អញ​មិន​បាន​ឃើញ​ការ​ដែល​ឯង​ប្រព្រឹត្ត​នោះ ជា​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​អញ​ទេ

3. ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា រួច​ឲ្យ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ បើ​ឯង​មិន​ចាំ​យាម​ទេ នោះ​អញ​នឹង​មក​ឯ​ឯង​ដូច​ជា​ចោរ ហើយ​ឯង​នឹង​មិន​ដឹង​ជា​វេលា​ណា ដែល​អញ​មក​ឯ​ឯង​ឡើយ

4. ប៉ុន្តែ នៅ​ក្រុង​សើដេស ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំលៀក‌បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក‌ពាក់​ស ដើរ​ជា​មួយ​នឹង​អញ ដ្បិត​គេ​បាន​គួរ​ហើយ

5. អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក‌ពាក់​ស ហើយ​អញ​មិន​ដែល​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ អញ​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​អញ និង​ចំពោះ​ពួក​ទេវតា​ទ្រង់​ដែរ

6. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

7. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ហើយ​ពិត​ប្រាកដ ដែល​ទ្រង់​កាន់​កូន​សោ​របស់​ហ្លួង​ដាវីឌ ដែល​ទ្រង់​បើក ហើយ​គ្មាន​អ្នក​ណា​បិទ ក៏​បិទ ហើយ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

8. អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ មើល អញ​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​ឯង គ្មាន​អ្នក​ណា​នឹង​បិទ​បាន​ទេ ពី​ព្រោះ​ទោះ​បើ​ឯង​មាន​អំណាច​ដែល​បន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះ‌បង់​ឈ្មោះ​អញ​ទេ

9. មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល​អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង

10. ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់‌ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង ដែល​ត្រូវ​មក​លើ​លោកីយ៍​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន

សូមអានជំពូកពេញលេញ វិវរណៈ 3