គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 2:14-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង

15. ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ

16. ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ

17. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​នឹង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

18. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

19. អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនួយ សេចក្ដី​ជំនឿ សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ដែរ ហើយ​ថា ការ​ដែល​ឯង​ធ្វើ​ជាន់​ក្រោយ បាន​ច្រើន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត

20. តែ​អញ​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិ‌បិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បំរើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង

21. អញ​បាន​ឲ្យ​វា​មាន​ឱកាស​នឹង​ប្រែ​ចិត្ត ចេញ​ពី​ការ​កំផិត​របស់​វា​ដែរ តែ​វា​មិន​ព្រម? សោះ

22. មើល​អញ​នឹង​បោះ​វា​ទៅ​លើ​គ្រែ ហើយ​បោះ​ពួក​អ្នក ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​មួយ​នឹង​វា ឲ្យ​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​តែ​គេ​ប្រែ​ចិត្ត​លះ‌បង់​ការ ដែល​គេ​ប្រព្រឹត្ត​នោះ​ចេញ

23. ហើយ​អញ​នឹង​សំឡាប់​កូន​ចៅ​វា​ចោល នោះ​គ្រប់​ទាំង​ពួក​ជំនុំ​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត និង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត

24. តែ​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​ដល់​ពួក​អ្នក​ឯ​ទៀត នៅ​ក្រុង​ធាទេរ៉ា​ដែរ គឺ​ដល់​ពួក​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​សេចក្ដី​ជំរៅ​របស់​អារក្ស​សាតាំង ដូច​ជា​ពាក្យ​ដែល​គេ​ថា​នោះ​ឡើយ តែ​អញៗ មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​ឯង​រាល់​គ្នា​ទេ

25. ប៉ុន្តែ សេចក្ដី​ដែល​ឯង​មាន នោះ​ឲ្យ​កាន់​ខ្ជាប់ ដរាប​ដល់​អញ​មក​ចុះ

26. ឯ​អ្នក​ណា​ដែល​ឈ្នះ ហើយ​កាន់​តាម​ការ​អញ ដរាប​ដល់​ចុង​បំផុត នោះ​អញ​នឹង​ឲ្យ​មាន​អំណាច​លើ​ពួក​សាសន៍​ដទៃ

27. អ្នក​នោះ​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេច‌ខ្ទី តាម​អំណាច​ដែល​អញ​បាន​ទទួល​ពី​ព្រះ‌វរ‌បិតា​មក

28. អញ​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ

29. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

សូមអានជំពូកពេញលេញ វិវរណៈ 2