គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 17:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​បាត់ នោះ​ជា​ស្តេច​ទី​៨ ដែល​កើត​មក​ពី​ស្តេច​៧​អង្គ​នោះ ហើយ​ត្រូវ​វិនាស​បាត់​ទៅ​វិញ

12. ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ

13. ស្តេច​ទាំង​នោះ​នឹង​មាន​គំនិត​តែ​១ ដើម្បី​នឹង​ប្រគល់​កំឡាំង និង​អំណាច​ខ្លួន​ដល់​សត្វ​នោះ

14. គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា។

15. ទេវតា​ក៏​ប្រាប់​ខ្ញុំ​ថា ឯ​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្រី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជា‌ជន និង​មនុស្ស​ផង​ទាំង‌ឡាយ គ្រប់​សាសន៍ គ្រប់​ភាសា

16. ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង

17. ដ្បិត​ព្រះ​ទ្រង់​បាន​បណ្តាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត និង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​សំរេច

18. ឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ នោះ​គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី។

សូមអានជំពូកពេញលេញ វិវរណៈ 17