គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 17:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទេវតា​១​ក្នុង​ពួក​ទាំង​៧​នោះ ដែល​កាន់​ចាន​កន្ទោង​៧ ក៏​មក​និយាយ​មក​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទោស​នៃ​ស្រី​សំផឹង​ដ៏​ធំ ដែល​ស្ថិត​នៅ​លើ​ទឹក​ច្រើន

2. ដែល​ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​របស់​សេចក្ដី​កំផិត​នៃ​វា

3. ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​ឯ​ទី​រហោ‌ស្ថាន នោះ​ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់ ជិះ​នៅ​លើ​សត្វ​សម្បុរ​ក្រហម ដែល​ពេញ​ជា​ឈ្មោះ​ប្រមាថ មាន​ក្បាល​៧ ហើយ​ស្នែង​១០

4. សំលៀក‌បំពាក់​របស់​ស្ត្រី​នោះ មាន​ពណ៌​ស្វាយ ហើយ​ក្រហម ក៏​តែង​ដោយ​មាស ត្បូង​មាន​ដំឡៃ ហើយ​នឹង​កែវ‌មុក្តា ព្រម​ទាំង​កាន់​ពែង​មាស​ដែល​ពេញ ដោយ​សេចក្ដី​ស្មោក‌គ្រោក របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​របស់​វា​ផង

5. ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្ដី​អាថ៌‌កំបាំង ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង និង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»

6. ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​របស់​ពួក​អ្នក​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ លុះ​ខ្ញុំ​ឃើញ​វា​ហើយ ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង។

7. នោះ​ទេវតា​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ ហើយ​នឹង​សត្វ​ដែល​វា​ជិះ​នោះ ដែល​មាន​ក្បាល​៧ និង​ស្នែង​១០​ដែរ

8. ឯ​សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​នៅ ឥឡូវ​នេះ​បាត់​ទៅ​ហើយ ក៏​រៀប​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក​វិញ រួច​វា​នឹង​ត្រូវ​វិនាស​បាត់​ទៅ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​លោកីយ៍​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​នៅ ឥឡូវ​នេះ​បាត់ តែ​នឹង​ត្រឡប់​មាន​ឡើង​វិញ​នោះ

9. នេះ​ហើយ​ជា​គំនិត​ដ៏​មាន​ប្រាជ្ញា ឯ​ក្បាល​ទាំង​៧ នោះ​ជា​ភ្នំ​៧ គឺ​ជា​កន្លែង​ដែល​ស្ត្រី​នោះ​អង្គុយ​នៅ

10. ក៏​មាន​ស្តេច​៧​អង្គ ឯ​៥​អង្គ​បាន​ដួល​ហើយ មាន​១​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​១​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ កាល​ណា​ស្តេច​នោះ​បាន​មក​ហើយ នោះ​នឹង​នៅ​មិន​យូរ​ប៉ុន្មាន​ទេ

11. រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​បាត់ នោះ​ជា​ស្តេច​ទី​៨ ដែល​កើត​មក​ពី​ស្តេច​៧​អង្គ​នោះ ហើយ​ត្រូវ​វិនាស​បាត់​ទៅ​វិញ

12. ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ

សូមអានជំពូកពេញលេញ វិវរណៈ 17