គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 16:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. មនុស្ស​លោក​ក៏​ត្រូវ​ខ្លោច​ទៅ ដោយ​អំណាច​ក្តៅ​ជា​ខ្លាំង តែ​គេ​មិន​បាន​ប្រែ​ចិត្ត ដើម្បី​នឹង​លើក​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ​ទេ គឺ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដែល​មាន​អំណាច​លើ​សេចក្ដី​វេទនា​ទាំង​នោះ​វិញ។

10. ឯ​ទេវតា​ទី​៥ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​នោះ រួច​នគរ​វា​ត្រឡប់​ទៅ​ជា​ងងឹត​សូន្យ​សុង ហើយ​គេ​ខាំ​អណ្តាត ដោយ​មាន​សេចក្ដី​ទុក្ខ​លំបាក

11. ក៏​ប្រមាថ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ដោយ​ព្រោះ​ទុក្ខ​លំបាក និង​ដំបៅ​របស់​គេ តែ​មិន​បាន​ប្រែ​ចិត្ត​លះ​ចោល​ពី​ការ​ដែល​គេ​ប្រព្រឹត្ត​ឡើយ។

12. ទេវតា​ទី​៦ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត រួច​ទឹក​ទន្លេ​នោះ​ក៏​រីង​ទៅ ដើម្បី​ឲ្យ​បាន​រៀប‌ចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​ថ្ងៃ​រះ

13. រួច​ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​៣ ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ មាត់​សត្វ និង​ពី​មាត់​ហោរា​ក្លែង‌ក្លាយ​មក

14. ដ្បិត​វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​នៃ​ពួក​អារក្ស ដែល​ចេញ​ទៅ​ឯ​អស់​ទាំង​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សំគាល់ ដើម្បី​នឹង​ប្រមូល​ស្តេច​ទាំង​នោះ​មក​ក្នុង​ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត

15. (មើល អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក‌បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្តិ៍​ខ្មាស​ខ្លួន​ឡើយ)

16. រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេ‌ព្រើរ​ហៅ​ថា អើម៉ា‌គេដូន។

17. ទេវតា​ទី​៧ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​អាកាស រួច​មាន​ឮ​សំឡេង​ខ្លាំង ចេញ​ពី​បល្ល័ង្ក ក្នុង​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌ មក​ថា ស្រេច​ហើយ

18. រួច​មាន​ផ្លេក‌បន្ទោរ សូរ​សំឡេង និង​ផ្គរ‌លាន់ ហើយ​មាន​កក្រើក​ដី​ជា​ខ្លាំង​ដែរ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​មាន​មនុស្ស​នៅ​ផែនដី​រៀង​មក នោះ​មិន​ដែល​មាន​កក្រើក​ដី​យ៉ាង​ខ្លាំង ហើយ​សំបើម​ដូច្នេះ​ឡើយ

19. ទី​ក្រុង​ដ៏​ធំ​ញែក​ចេញ​ជា​៣​ភាគ អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ​ទ្រង់​នឹក​ចាំ​ពី​ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ ដើម្បី​នឹង​ឲ្យ​ពែង​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​ខ្ញាល់​ទ្រង់​ដល់​គេ

20. នោះ​គ្រប់​ទាំង​កោះ​ក៏​បាត់​ទៅ ហើយ​មិន​ឃើញ​មាន​ភ្នំ​ណា​ទៀត​សោះ​ឡើយ

21. ក៏​មាន​ព្រិល​យ៉ាង​ធំៗ គ្រាប់​១​ទំងន់​១​ហាប ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​មនុស្ស​លោក​ក៏​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​សេចក្ដី​វេទនា និង​ព្រិល​នោះ ពី​ព្រោះ​សេចក្ដី​វេទនា​នោះ​ជា​ខ្លាំង​ក្រៃលែង។

សូមអានជំពូកពេញលេញ វិវរណៈ 16