គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 13:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ក៏​ឈរ​លើ​ខ្សាច់ នៅ​មាត់​សមុទ្រ ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​១​ឡើង​ចេញ​ពី​សមុទ្រ​មក ដែល​មាន​ស្នែង​១០ និង​ក្បាល​៧ រីឯ​នៅ​លើ​ស្នែង​វា មាន​មកុដ​១០ ហើយ​នៅ​លើ​ក្បាល​ទាំង​ប៉ុន្មាន នោះ​មាន​ឈ្មោះ ជា​ពាក្យ​ប្រមាថ

2. សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​នៃ​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ

3. ខ្ញុំ​ឃើញ​ក្បាល​វា​១​ដូច​ជា​បាន​កាប់​សំឡាប់​ហើយ តែ​របួស​ដល់​ស្លាប់​នោះ​បាន​សះ​ជា​ឡើង​វិញ ហើយ​ផែនដី​ក៏​អស្ចារ្យ​នឹង​សត្វ​នោះ

4. គេ​ក្រាប​ថ្វាយ‌បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន

5. នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ និង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ

6. វា​បើក​មាត់​ប្រមាថ​ដល់​ទាំង​ព្រះ និង​ព្រះ‌នាម ហើយ​ព្រះ‌វិហារ​នៃ​ទ្រង់​ដែរ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌​ផង

7. ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​នឹង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ និង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង

8. ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ៍​មក នោះ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​សត្វ​នោះ

9. បើ​អ្នក​ណា​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​ចុះ

10. បើ​អ្នក​ណា​ដឹក‌នាំ​គេ​ឲ្យ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​គេ​ដឹក‌នាំ​ខ្លួន​ឲ្យ​ទៅ​ជា​ឈ្លើយ​ដែរ បើ​អ្នក​ណា​កាប់​សំឡាប់​គេ​ដោយ​ដាវ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​សេចក្ដី​ជំនឿ​របស់​ពួក​បរិសុទ្ធ។

11. ខ្ញុំ​ក៏​ឃើញ​សត្វ​សាហាវ​១​ទៀត ឡើង​ចេញ​ពី​ដី​មក វា​មាន​ស្នែង​២ ដូច​ជា​កូន​ចៀម តែ​ពោល​ពាក្យ​ដូច​ជា​នាគ​វិញ

12. ក៏​ប្រព្រឹត្ត​ដោយ​នូវ​គ្រប់​ទាំង​អំណាច​របស់​សត្វ​ទី​១ នៅ​មុខ​នាគ​នោះ ទាំង​បណ្តាល​ឲ្យ​ផែនដី និង​អស់​អ្នក​ដែល​នៅ​ផែនដី​បាន​ក្រាប​ថ្វាយ‌បង្គំ ដល់​សត្វ​ទី​១​ដែល​មាន​របួស​ដល់​ស្លាប់​នោះ តែ​បាន​សះ​ជា​វិញ​នោះ​ផង

13. វា​ក៏​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ធ្វើ​ឲ្យ​ធ្លាក់​ទាំង​ភ្លើង ពី​លើ​មេឃ​មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក​ផង

14. វា​បញ្ឆោត​ពួក​មនុស្ស​នៅ​ផែនដី ដោយ‌សារ​ទី​សំគាល់ ដែល​វា​មាន​អំណាច​នឹង​ធ្វើ នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ផែនដី ឲ្យ​ធ្វើ​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ​ដែរ

សូមអានជំពូកពេញលេញ វិវរណៈ 13