គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 11:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​គេ​ឲ្យ​ដើម​បបុស​ទុក​ជា​ខ្នាត​មក​ខ្ញុំ ដោយ​ថា ចូរ​ក្រោក​ឡើង​ទៅ​វាស់​ព្រះ‌វិហារ​នៃ​ព្រះ និង​អាសនា ហើយ​នឹង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​ផង

2. តែ​ទី​លាន​ដែល​នៅ​ខាង​ក្រៅ នោះ​ត្រូវ​ចោល​ចេញ កុំ​ឲ្យ​វាស់​ឡើយ ដ្បិត​បាន​ឲ្យ​ទី​នោះ​ដល់​សាសន៍​ដ៏ទៃ​ហើយ គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រវាង​៤២​ខែ

3. អញ​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​អញ​ទាំង​២​នាក់ គេ​នឹង​ទាយ​ក្នុង​រវាង​១២៦០​ថ្ងៃ ទាំង​ស្លៀក‌ពាក់​សំពត់​ធ្មៃផង

4. អ្នក​២​នាក់​នោះ គេ​ជា​ដើម​អូលីវ​ទាំង​២ ហើយ​ជា​ចង្កៀង​ទាំង​២ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី

5. បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​ដល់​អ្នក​២​នាក់​នោះ នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ មក​បញ្ឆេះ​បំផ្លាញ​ពួក​ខ្មាំង​សត្រូវ​វិញ បើ​សិន​ជា​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ នោះ​ត្រូវ​ស្លាប់​ទៅ​យ៉ាង​ដូច្នោះ

6. អ្នក​ទាំង​២​នោះ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក​ក្នុង​គ្រា​ដែល​គេ​ទាយ ក៏​មាន​អំណាច​នឹង​បំផ្លាស់​ទឹក​ឲ្យ​ទៅ​ជា​ឈាម ហើយ​នឹង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​សេចក្ដី​ទេវនា​គ្រប់​យ៉ាង ក្នុង​វេលា​ណា​ក៏​ដោយ តាម​តែ​ចិត្ត​បាន។

7. កាល​ណា​អ្នក​២​នាក់​នោះ បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ស្រេច​ហើយ នោះ​សត្វ​សាហាវ​ដែល​ឡើង​មក​ពី​ជង្ហុក​ធំ​នឹង​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សំឡាប់​គេ​ផង

សូមអានជំពូកពេញលេញ វិវរណៈ 11