គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 1:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្ដី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯ​យ៉ូហាន ជា​បាវ​បំរើ​ទ្រង់

2. គាត់​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះ‌បន្ទូល និង​សេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ឃើញ

3. មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។

4. សំបុត្រ​យ៉ូហាន​ខ្ញុំ ផ្ញើ​មក​ពួក​ជំនុំ​ទាំង​៧ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត និង​អំពី​ព្រះ‌វិញ្ញាណ​ទាំង​៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់

5. ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប

6. ព្រម​ទាំង​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា​នៅ​អស់​កល្ប‌ជានិច្ច​រៀង‌រាប​ត​ទៅ អាម៉ែន។

7. មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។

8. ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​អាលផា និង​ជា​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង។

9. យ៉ូហាន​ខ្ញុំ ដែល​ជា​បង​ប្អូន​នៃ​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្ដី​ទុក្ខ​លំបាក និង​ក្នុង​នគរ ហើយ​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់‌ម៉ុស ដោយ​ព្រោះ​ព្រះ‌បន្ទូល និង​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ

10. ហើយ​នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា

11. ការ​អ្វី​ដែល​ឯង​ឃើញ នោះ​ចូរ​កត់​ទុក​ក្នុង​សៀវភៅ​ចុះ រួច​ផ្ញើ​ទៅ​ពួក​ជំនុំ​ទាំង​៧ ដែល​នៅ​ស្រុក​អាស៊ី​ផង គឺ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា ហើយ​នៅ​ក្រុង​ឡៅឌីសេ​ដែរ។

12. ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧

13. នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះ‌ឧរា

14. ព្រះ‌សិរសា គឺ​ដូច​ហិមៈ ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អណ្តាត​ភ្លើង

15. ព្រះ‌បាទ​ទ្រង់​ដូច​ជា​លង្ហិន​រលីង ដែល​ភ្លឺ‌ផ្លេកៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ព្រះ‌សូរ‌សៀង​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន

សូមអានជំពូកពេញលេញ វិវរណៈ 1