គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:4-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ

5. ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​រាក់​ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ នោះ​ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ទាំង​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ

6. កាល​គេ​ចេញ​ទៅ នោះ​ក៏​ដើរ​ទៅ​សព្វ​ពេញ​អស់​ទាំង​ភូមិ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​មើល​គេ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។

7. ឯ​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ទ័យ​អល់‌អែក ពី​ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

8. ខ្លះ​ថា លោក​អេលីយ៉ា​បាន​លេច​មក​ហើយ ខ្លះ​ទៀត​ថា មាន​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ​ដូច្នេះ

9. តែ​ហេរ៉ូឌ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ដូច្នេះ តើ​អ្នក​ណា​ហ្ន៎ ដែល​អញ​ឮ​ថា ធ្វើ​ការ​ប្លែក​ទាំង​ម៉្លេះ​នេះ ហើយ​ក៏​រក​ចង់​ឃើញ​ទ្រង់។

10. កាល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ ក៏​រ៉ាយ​រឿង​ទូល​ព្រះ‌យេស៊ូវ ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នាំ​គេ​ទៅ​ដោយ‌ឡែក​នៅ​ទី​ស្ងាត់ ជិត​ភូមិ​១​ឈ្មោះ​បេត‌សៃដា

11. កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់​ទាក់​ទទួល​គេ ហើយ​មាន​ព្រះ‌បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង

12. វេលា​នោះ ថ្ងៃ​កាន់​តែ​ទាប​ហើយ នោះ​ពួក​១២​នាក់​មក​ទូល​ទ្រង់​ថា សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ទៅ ដើម្បី​ឲ្យ​ទៅ​រក​ទី​ស្នាក់ និង​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ និង​ស្រុក​ស្រែ​ជុំ‌វិញ ដ្បិត​ទី​នេះ​ស្ងាត់​ណាស់

13. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ និង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សំរាប់​មនុស្ស​ទាំង​នេះ​វិញ

14. (រីឯ​ពួក​មនុស្ស​ទាំង​នោះ មាន​ប្រុសៗ​ចំនួន​៥​ពាន់​នាក់) តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ឲ្យ​គេ​អង្គុយ​ដោយ​ជួរៗ​ទៅ ក្នុង​១​ជួរ​៥០​នាក់

15. ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ

16. នោះ​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស

17. គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​១២​កន្ត្រក។

18. គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា

19. គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ

សូមអានជំពូកពេញលេញ លូកា 9