គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់​ទាក់​ទទួល​គេ ហើយ​មាន​ព្រះ‌បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង

12. វេលា​នោះ ថ្ងៃ​កាន់​តែ​ទាប​ហើយ នោះ​ពួក​១២​នាក់​មក​ទូល​ទ្រង់​ថា សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ទៅ ដើម្បី​ឲ្យ​ទៅ​រក​ទី​ស្នាក់ និង​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ និង​ស្រុក​ស្រែ​ជុំ‌វិញ ដ្បិត​ទី​នេះ​ស្ងាត់​ណាស់

13. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ និង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សំរាប់​មនុស្ស​ទាំង​នេះ​វិញ

14. (រីឯ​ពួក​មនុស្ស​ទាំង​នោះ មាន​ប្រុសៗ​ចំនួន​៥​ពាន់​នាក់) តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ឲ្យ​គេ​អង្គុយ​ដោយ​ជួរៗ​ទៅ ក្នុង​១​ជួរ​៥០​នាក់

15. ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ

16. នោះ​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស

17. គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​១២​កន្ត្រក។

18. គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា

19. គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ

20. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ

21. ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា ពី​សេចក្ដី​នេះ​ឡើយ

សូមអានជំពូកពេញលេញ លូកា 9