គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 8:31-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ

32. នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ​ទ្រង់ ឲ្យ​បើក​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ទ្រង់​ក៏​បើក​ឲ្យ

33. រួច​វា​ចេញ​ពី​មនុស្ស​នោះ ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូកៗ​ក៏​បោល​ម្នីម្នា តាម​ភ្នំ​ចោត​ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

34. កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​នឹង​ស្រុក​ស្រែ

35. រួច​មនុស្ស​ទាំង‌ឡាយ​ក៏​ចេញ​មក​មើល​ការ​ដែល​កើត​មក​នោះ គេ​មក​ដល់​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​ទាំង​នោះ​បាន​ចេញ កំពុង​តែ​អង្គុយ​ទៀប​ព្រះ‌បាទ​ទ្រង់ ទាំង​ស្លៀក‌ពាក់ ហើយ​ដឹង​ខ្លួន នោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​គ្រប់​គ្នា

36. ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ប្រាប់​គេ​ពី​បែប​យ៉ាង​ណា​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា

37. រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ

38. ឯ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​នោះ គាត់​សូម​អង្វរ​ទ្រង់ ឲ្យ​បាន​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ​ឲ្យ​គាត់​ទៅ​វិញ ដោយ​ប្រាប់​ថា

39. ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។

40. កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ នោះ​បណ្តា​មនុស្ស​ក៏​ទទួល​ទ្រង់​ដោយ​អំណរ ដ្បិត​គេ​ទន្ទឹង​មើល​តែ​ផ្លូវ​ទ្រង់​ទាំង​អស់​គ្នា

41. នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ គាត់​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ សូម​អង្វរ​ទ្រង់ ឲ្យ​យាង​ទៅ​ផ្ទះ​គាត់

42. ព្រោះ​គាត់​មាន​កូន​ស្រី​តែ​១ អាយុ​ប្រហែល​១២​ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ កាល​ទ្រង់​កំពុង​តែ​យាង​ទៅ នោះ​បណ្តា​មនុស្ស​ប្រជ្រៀត​គ្នា​លើ​ទ្រង់។

43. ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ

សូមអានជំពូកពេញលេញ លូកា 8