គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 8:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​ចេញ​ទៅ នោះ​សេចក្ដី​ខ្វល់‌ខ្វាយ និង​ទ្រព្យ‌សម្បត្តិ ហើយ​នឹង​សេចក្ដី​ស្រើប‌ស្រាល​នៅ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ‌លេញ​បាន​ឡើយ

15. តែ​ពូជ​ដែល​នៅ​ដី​ល្អ គឺ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះ‌បន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្ដី​អត់‌ធន់​វិញ។

16. គ្មាន​អ្នក​ណា​អុជ​ចង្កៀង រួច​យក​ផើង​មក​គ្រប ឬ​យក​ទៅ​ដាក់​នៅ​ក្រោម​គ្រែ​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​មក​បាន​ឃើញ​ពន្លឺ​ភ្លឺ

17. ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ពន្លឺ​នោះ​ឡើយ

18. ដូច្នេះ ត្រូវ​ឲ្យ​ប្រយ័ត្ន ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ដក​យក​ទាំង​របស់​ដែល​មើល​ទៅ​ដូច​ជា​អ្នក​នោះ​មាន​ចេញ​ផង។

19. នោះ​មាតា និង​បង​ប្អូន​ទ្រង់ ក៏​មក​រក​ទ្រង់ តែ​ចូល​ទៅ​ឯ​ទ្រង់​មិន​បាន ដោយ​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់

20. មាន​គេ​ទូល​ទ្រង់​ថា «ម្តាយ និង​បង​ប្អូន​លោក មក​ឈរ​នៅ​ខាង​ក្រៅ ចង់​ជួប​នឹង​លោក»

21. តែ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា «ឯ​អ្នក​ដែល​ជា​ម្តាយ និង​បង​ប្អូន​ខ្ញុំ គឺ​អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្ត​តាម​វិញ»។

22. មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង» នោះ​ក៏​ចេញ​ទៅ

23. កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច

24. គេ​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា «លោក​គ្រូៗ​អើយ យើង​ខ្ញុំ​ស្លាប់​ហើយ តែ​ទ្រង់​ក្រោក​ឡើង កំហែង​ទៅ​ខ្យល់ និង​ទឹក ដែល​កំពុង​បោក​បក់​ជា​ខ្លាំង នោះ​ក៏​ស្ងប់​បាត់​ឈឹង​ទៅ»

25. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា»? គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ»។

26. ទ្រង់ និង​ពួក​សិស្ស​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន ដែល​ប្រទល់​មុខ​នឹង​ស្រុក​កាលី‌ឡេ

27. កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក‌ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ

សូមអានជំពូកពេញលេញ លូកា 8