គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 6:22-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់‌កាល់ ត្មះ‌តិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូច​ជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស

23. ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោត‌កញ្ឆេង​ចុះ ដ្បិត​មើល​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ នៅ​ឯ​ស្ថាន‌សួគ៌ ឯ​ពួក​អយ្យកោ​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ

24. តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ

25. វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត ដ្បិត​នឹង​ត្រូវ​ឃ្លាន​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​សើច​ក្នុង​ជាន់​ឥឡូវ​នេះ ដ្បិត​នឹង​កើត​ទុក្ខ​ព្រួយ ហើយ​យំ​សោក​វិញ

26. វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពី​ព្រោះ​កាល​ពី​ដើម ពួក​អយ្យកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ។

27. ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ

28. ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក

29. ឯ​អ្នក​ណា​ដែល​ទះ​កំផ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​អ្នក​ផង​ឡើយ

30. ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ផង​អ្នក នោះ​កុំ​ឲ្យ​ទារ​វិញ​ឡើយ

31. ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ

32. បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្រឡាញ់​គេ​ដូច​គ្នា​ដែរ

33. ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ

34. បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដែល​សង្ឃឹម​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ឲ្យ​មនុស្ស​មាន​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ដូច​ដើម​វិញ

35. ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​នឹង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ

សូមអានជំពូកពេញលេញ លូកា 6