1. មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់យាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ
2. មានពួកផារីស៊ីខ្លះស្តីថា ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សំរាកដូច្នេះ
3. តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា តើអ្នករាល់គ្នាមិនបានមើលរឿងនេះផងទេឬអី គឺពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ និងពួកអ្នកនៅជាមួយបានឃ្លាន
4. ដែលទ្រង់យាងចូលទៅក្នុងដំណាក់ព្រះ យកនំបុ័ងតាំងទុកទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយនឹងទ្រង់ផង ដែលគ្មានច្បាប់ឲ្យបរិភោគសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ
5. រួចទ្រង់មានព្រះបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។
6. នៅថ្ងៃឈប់សំរាក១ទៀត ទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានមនុស្សម្នាក់ ដែលស្វិតដៃខាងស្តាំ
7. ឯពួកអាចារ្យ និងពួកផារីស៊ី ក៏សំឡឹងមើលក្រែងទ្រង់ប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាកដែរ គឺដើម្បីនឹងរករឿងចោទប្រកាន់ទ្រង់
8. តែទ្រង់ស្គាល់គំនិតគេ ក៏មានព្រះបន្ទូលទៅមនុស្សស្វិតដៃថា ចូរក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ
9. កាលគាត់ក្រោកឈរឡើង នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សំរាក តើមានច្បាប់នឹងធ្វើការល្អ ឬអាក្រក់ និងសង្គ្រោះជីវិត ឬបំផ្លាញ
10. ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានព្រះបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង
11. គេមានសេចក្ដីឃោរឃៅពោរពេញ ក៏ពិគ្រោះគ្នាពីការអ្វីដែលត្រូវធ្វើដល់ព្រះយេស៊ូវ។
12. នៅគ្រានោះ ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ
13. លុះភ្លឺឡើង ទ្រង់ហៅពួកសិស្សមក ក៏រើសយក១២នាក់ ដែលទ្រង់ហៅថា សាវក
14. គឺស៊ីម៉ូន ដែលហៅថា ពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប១ យ៉ូហាន១ ភីលីព១ បារថូល៉ូមេ១
15. ម៉ាថាយ១ ថូម៉ាស១ យ៉ាកុប ជាកូនអាល់ផាយ១ ស៊ីម៉ូន ដែលហៅជាអ្នកឧស្សាហ៍១
16. និងយូដាស ជាញាតិនឹងយ៉ាកុប១ ហើយយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់១
17. ទ្រង់យាងចុះមកជាមួយនឹងអ្នកទាំងនោះ ក៏ឈប់នៅត្រង់កន្លែងរាបស្មើ នោះមានសិស្សទ្រង់ជាច្រើន និងបណ្តាជនកកកុញ មកពីគ្រប់កន្លែងនៅស្រុកយូដា ក្រុងយេរូសាឡិម ហើយពីស្រុកទីរ៉ុស ស្រុកស៊ីដូន ដែលនៅក្បែរសមុទ្រ ដើម្បីនឹងស្តាប់ទ្រង់ ហើយប្រយោជន៍ឲ្យបានជាជំងឺគេផង
18. ក៏មានមនុស្សអារក្សអសោចចូលបានជាដែរ