គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 5:26-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ‌ដំកើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។

27. ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ

28. គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ

29. លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង និង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ

30. ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី គេ​ឌុក‌ដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ

31. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ

32. ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។

33. គេ​ទូល​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​យ៉ូហាន​តម ហើយ​អធិស្ឋាន​ជា​ញយៗ ដូច​ជា​សិស្ស​របស់​ពួក​ផារី‌ស៊ី​ដែរ តែ​សិស្ស​លោក​តែង​តែ​បរិភោគ​ដូច្នេះ​វិញ

34. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា តើ​អាច​នឹង​ឲ្យ​ពួក​សំឡាញ់​គាត់​តម​អាហារ​បាន​ឬ​ទេ

35. តែ​នឹង​មាន​ថ្ងៃ​មក​ដល់ កាល​ណោះ ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ គេ​នឹង​តម​វិញ

36. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ពាក្យ​ប្រៀប​ប្រដូច​ថា គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​រហែក​ដល់​ទាំង​កំណាត់​ថ្មី​ដែរ ហើយ​កំណាត់​ដែល​យក​ពី​អាវ​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ផង

37. ក៏​គ្មាន​អ្នក​ណា​ដែល​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​មក ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ផង

38. តោង​តែ​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទាំង​២​យ៉ាង​នឹង​បាន​គង់​នៅ

39. លុះ​កាល​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​បាន​ថ្មី​ទេ ដ្បិត​គេ​ថា​ចាស់​ឆ្ងាញ់​ជាង។

សូមអានជំពូកពេញលេញ លូកា 5