គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 5:20-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. លុះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​ព្រះ‌បន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ

21. នោះ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ចាប់​តាំង​រិះ‌គិត​គ្នា​ថា តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន

22. តែ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ

23. ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង

24. ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ

25. គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ​បណ្តើរ

26. នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ‌ដំកើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។

27. ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ

28. គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ

29. លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង និង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ

30. ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី គេ​ឌុក‌ដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ

31. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ

32. ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។

សូមអានជំពូកពេញលេញ លូកា 5