គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 5:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ទ្រង់​កំពុង​ឈរ នៅ​មាត់​សមុទ្រ​គេនេ‌សារ៉ែត នោះ​មាន​មនុស្ស​កក‌កុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល

2. ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ

3. ទ្រង់​យាង​ចុះ​ទូក​១​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សូម​ឲ្យ​គាត់​ចេញ​ទូក​ពី​ដី​បន្តិច​ទៅ រួច​ទ្រង់​គង់​បង្រៀន​ដល់​បណ្តា​មនុស្ស​ពី​ក្នុង​ទូក​វិញ

4. លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ

5. ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល

6. កាល​ទំលាក់​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ

7. នោះ​គេ​បោយ​ដៃ​ហៅ​គូ‌កន ដែល​នៅ​ក្នុង​ទូក​១​ទៀត ឲ្យ​មក​ជួយ​គ្នា គេ​ក៏​មក ហើយ​ចាប់​ដាក់​បាន​ពេញ​ទូក​ទាំង​២ ទាល់​តែ​ពៀប​ស្ទើរ​នឹង​លិច

8. កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​ក្រាប​នៅ​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ថយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប

9. គាត់​ទូល​ដូច្នោះ ដោយ​ហេតុ​គាត់ និង​ពួក​អ្នក​នៅ​ជា​មួយ នឹក​ស្ងើច​ក្នុង​ចិត្ត ពី​ត្រី​ដែល​បាន​ច្រើន​ដល់​ម៉្លោះ

10. ហើយ​យ៉ាកុប និង​យ៉ូហាន ជា​កូន​សេបេដេ ដែល​ជា​ពួក​ហ៊ុន​នឹង​ស៊ីម៉ូន ក៏​ដូច្នោះ​ដែរ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ

11. រួច​កាល​ទូក​បាន​ដល់​គោក នោះ​គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ។

12. កាល​ព្រះ‌យេស៊ូវ​គង់​នៅ​ក្នុង​ទី​ក្រុង​១ នោះ​មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន គាត់​ឃើញ​ទ្រង់ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ទូល​អង្វរ​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​ជា​ស្អាត​បាន

13. ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះ‌បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​ឃ្លង់​ចេញ​ពី​គាត់​ជា​១​រំពេច​ទៅ

14. រួច​ទ្រង់​ហាម​មិន​ឲ្យ​គាត់​ប្រាប់​ដល់​អ្នក​ណា​ឡើយ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ថ្វាយ​ដង្វាយ​ដោយ​ព្រោះ​បាន​ជា​ស្អាត​វិញ ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​ពួក​លោក

15. ប៉ុន្តែ ចេះ​តែ​ឮ​និយាយ​ពី​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ក៏​មាន​មនុស្ស​កក‌កុញ​មក​ស្តាប់​ផង ហើយ​ឲ្យ​ទ្រង់​បាន​ប្រោស​ជំងឺ​គេ​ឲ្យ​ជា​ផង

សូមអានជំពូកពេញលេញ លូកា 5