គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 4:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះ‌វិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោ‌ស្ថាន

2. ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន

3. ហើយ​អារក្ស​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ

4. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ​វិញ»។

5. អារក្ស​ក៏​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ បង្ហាញ​នគរ​នៅ​លោកីយ៍​ទាំង​អស់​ក្នុង​១​ភ្លែត​នោះ

6. ហើយ​ទូល​ថា ខ្ញុំ​នឹង​ឲ្យ​អំណាច និង​សិរី​លំអ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ណា​ស្រេច​នឹង​ចិត្ត​ខ្ញុំ

7. ដូច្នេះ បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក

8. តែ​ព្រះ‌យេស៊ូវ​ឆ្លើយ​តប​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

9. រួច​វា​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដាក់​នៅ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​ចុះ

10. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​ទ្រង់ ពី​ដំណើរ​អ្នក​ឲ្យ​ថែ​រក្សា​អ្នក

11. ទេវតា​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»

12. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា មាន​បទ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ឯង​ល្បង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»

13. កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ នោះ​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ ទាល់​តែ​មាន​ឱកាស​ទៀត។

សូមអានជំពូកពេញលេញ លូកា 4