គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 23:41-56 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ

42. រួច​អ្នក​នោះ​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង

43. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។

44. ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​កើត​មាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល

45. ថ្ងៃ​ត្រឡប់​ទៅ​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ចំ​ពាក់​កណ្តាល

46. នោះ​ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះ‌វរ‌បិតា​អើយ ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ‌ហស្ត​ទ្រង់​វិញ កាល​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ។

47. កាល​មេ​ទ័ព​បាន​ឃើញ​ការ​ដែល​កើត​មក នោះ​ក៏​ពោល​សរសើរ​ដល់​ព្រះ ហើយ​ថា មនុស្ស​នេះ​សុចរិត​ពិត​មែន

48. ឯ​បណ្តា​មនុស្ស​ទាំង​ហ្វូង ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ កាល​គេ​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ដូច្នោះ ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ

49. ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ និង​ពួក​ស្រីៗ ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលី‌ឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។

50. ហើយ​មើល​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពួក​ក្រុម‌ជំនុំ ជា​មនុស្ស​ល្អ ត្រឹម​ត្រូវ សុចរិត

51. (លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​នឹង​គេ​ទេ) លោក​នៅ​ឯ​អើរី‌ម៉ាថេ ជា​ភូមិ​សាសន៍​យូដា ហើយ​ក៏​រង់‌ចាំ​នគរ​ព្រះ​ដែរ

52. លោក​ទៅ​ឯ​ពីឡាត់ ដើម្បី​នឹង​សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ

53. កាល​បាន​យក​ព្រះ‌សព​ចុះ​មក​ហើយ នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដាប់​ក្នុង​ថ្ម ដែល​មិន​ទាន់​មាន​បញ្ចុះ​ខ្មោច​ណា​នៅ​ឡើយ

54. ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ។

55. ឯ​ពួក​ស្រីៗ ដែល​មក​ពី​ស្រុក​កាលី‌ឡេ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​តាម​ទៅ​ឃើញ​ផ្នូរ និង​សណ្ឋាន​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ

56. រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន។

សូមអានជំពូកពេញលេញ លូកា 23