គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 23:31-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ព្រោះ​បើ​គេ​ធ្វើ​ការ​ទាំង​នេះ ដល់​ដើម​ឈើ​ស្រស់ នោះ​តើ​នឹង​កើត​អ្វី​ដល់​ដើម​ឈើ​ស្ងួត​វិញ។

32. គេ​ក៏​នាំ​ចោរ​កំណាច២​នាក់ ទៅ​សំឡាប់​ជា​មួយ​នឹង​ទ្រង់​ដែរ

33. កាល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​រលា​ក្បាល​ហើយ គេ​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​ចោរ​កំណាច​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង​ទ្រង់

34. ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា

35. ឯ​បណ្តា‌ជន​ដែល​ឈរ​មើល​និង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ

36. ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹក‌ខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា

37. បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ

38. ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង និង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។

39. រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង

40. ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​វា​ថា តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា

41. គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ

42. រួច​អ្នក​នោះ​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង

43. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។

សូមអានជំពូកពេញលេញ លូកា 23