គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 22:48-64 ព្រះគម្ពីរបរិសុទ្ធ (KHOV)

48. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី

49. កាល​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ឃើញ​ការ​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ នោះ​ក៏​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​កាប់​នឹង​ដាវ​ឬ​អី

50. មាន​ម្នាក់​ក្នុង​ពួក​គេ ក៏​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់

51. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ រួច​ទ្រង់​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ

52. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​ចាស់‌ទុំ​ដែល​មក​ចាប់​ទ្រង់​ថា តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី

53. កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​ផង​អ្នក​រាល់​គ្នា​ទេ ហើយ​ជា​អំណាច​នៃ​សេចក្ដី​ងងឹត​ផង។

54. គេ​ក៏​ចាប់​ទ្រង់​ដឹក‌នាំ​ទៅ​ដល់​ដំណាក់​សំដេច​សង្ឃ ឯ​ពេត្រុស គាត់​តាម​ទៅ​ពី​ចំងាយ​ដែរ

55. កាល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ព្រះ‌លាន ហើយ​អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​នឹង​គេ​ដែរ

56. មាន​ស្រី​បំរើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សំឡឹង​មើល ហើយ​និយាយ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ

57. តែ​គាត់​ប្រកែក​ថា នាង​អើយ ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ

58. ក្រោយ​បន្តិច​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ក៏​ថា អ្នក​ឯង​ជា​ពួក​នោះ​ដែរ តែ​ពេត្រុស​ឆ្លើយ​ថា អ្នក​អើយ ខ្ញុំ​មិន​មែន​ទេ

59. រួច​ប្រហែល​ជា​១​ម៉ោង​ក្រោយ​មក​មាន​ម្នាក់​ទៀត​ថា អ្នក​នេះ​ប្រាកដ​ជា​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ ដ្បិត​ជា​សាសន៍​កាលី‌ឡេ​ដូច​គ្នា

60. តែ​ពេត្រុស​ប្រកែក​ថា អ្នក​អើយ ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ កាល​គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន់​រងាវ​ឡើង

61. ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បែរ​មក​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា មុន​ដែល​មាន់​រងាវ​នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ

62. រួច​គាត់​ចេញ​ទៅ​ក្រៅ​ដោយ​យំ​ក្តួល។

63. ឯ​ពួក​មនុស្ស​ដែល​រក្សា​ព្រះ‌យេស៊ូវ គេ​ចំអក​ឲ្យ ហើយ​វាយ​ទ្រង់

64. ក៏​ខ្ទប់​ព្រះ‌នេត្រ ហើយ​ទះ​កំផ្លៀង​ទ្រង់ ដោយ​ទូល​ថា ចូរ​ទាយ​ចុះ តើ​អ្នក​ណា​បាន​ទះ​ឯង

សូមអានជំពូកពេញលេញ លូកា 22