គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 22:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា បុណ្យ​រំលង នោះ​ក៏​ជិត​មក​ដល់

2. ហើយ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​រក​វិធី​យ៉ាង​ណា​នឹង​សំឡាប់​ទ្រង់​ចេញ ព្រោះ​គេ​ខ្លាច​បណ្តា‌ជន

3. នោះ​អារក្ស​សាតាំង​វា​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​១២

4. រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ

5. គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា

6. វា​យល់​ព្រម រួច​ក៏​ទៅ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ដល់​គេ ក្នុង​កាល​ដែល​ឃ្លាត​ពី​បណ្តា​មនុស្ស។

7. ឯ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សំឡាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង

8. នោះ​ទ្រង់​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រៀប‌ចំ​បុណ្យ​រំលង​សំរាប់​យើង​រាល់​គ្នា​បរិភោគ

9. តែ​គេ​ទូល​សួរ​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​នៅ​កន្លែង​ណា

10. ទ្រង់​ក៏​ប្រាប់​ថា មើល​កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល

11. ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា

12. នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀប‌ចំ​នៅ​ទី​នោះ​ចុះ

13. គេ​ក៏​ទៅ​ឃើញ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ហើយ​គេ​រៀប‌ចំ​បុណ្យ​រំលង។

សូមអានជំពូកពេញលេញ លូកា 22