គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 21:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ

9. កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង និង​ចលាចល នោះ​កុំ​ឲ្យ​ភ័យ​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ជា​មុន តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​ជា​ឆាប់​ម៉្លេះ​ទេ។

10. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា សាសន៍១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១

11. ក៏​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សំគាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង

12. តែ​មុន​ការ​ទាំង​នោះ គេ​នឹង​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ បញ្ជូន​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច និង​ចៅ‌ហ្វាយ​ខេត្ត ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ផង

13. ប៉ុន្តែ ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ

14. ដូច្នេះ ចូរ​សំរេច​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​នឹង​មិន​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ដោះ​សា​ទេ

15. ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ ហើយ​នឹង​ប្រាជ្ញា​វិញ ដែល​ពួក​អ្នក​តតាំង​ពុំ​អាច​នឹង​ឆ្លើយ​ឆ្លង ឬ​ទទឹង​ទាស់​បាន​ឡើយ

16. ប៉ុន្តែ ទោះ​ទាំង​ឪពុក​ម្តាយ បង​ប្អូន ញាតិ​សន្តាន ហើយ​មិត្រ​សំឡាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​នឹង​សំឡាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ

17. មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ

18. តែ​សូម្បី​សក់​១​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង

សូមអានជំពូកពេញលេញ លូកា 21