គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 21:22-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ដ្បិត​គ្រា​នោះ​ជា​គ្រា​សង‌សឹក ដើម្បី​នឹង​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក

23. ឯ​ពួក​ស្រីៗ ដែល​មាន​ផ្ទៃ​ពោះ ហើយ​ពួក​ដែល​បំបៅ​កូន នៅ​គ្រា​នោះ នឹង​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​នឹង​សេចក្ដី​ក្រោធ​ដល់​បណ្តា‌ជន​នេះ

24. គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។

25. កាល​ណោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ចន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្ដី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្ដី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក

26. មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក

27. នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក មាន​ទាំង​ព្រះ‌ចេស្តា និង​សិរី‌ល្អ​ជា​ខ្លាំង

28. កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ។

29. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ទៅ​គេ​ថា ចូរ​មើល​ដើម​ល្វា និង​អស់​ទាំង​ដើម​ឈើ​ចុះ

30. កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅជិត​ដល់​ហើយ

31. កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា នគរ​ព្រះ​ជិត​ដល់​ហើយ​យ៉ាង​ដូច្នោះ​ដែរ

32. ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក

33. ឯ​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​កន្លង​បាត់​ទៅ តែ​ឯ​ពាក្យ​ខ្ញុំ មិន​ដែល​កន្លង​បាត់​ឡើយ។

34. ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម

35. ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី

36. ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង។

សូមអានជំពូកពេញលេញ លូកា 21