គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 21:13-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ប៉ុន្តែ ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ

14. ដូច្នេះ ចូរ​សំរេច​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​នឹង​មិន​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ដោះ​សា​ទេ

15. ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ ហើយ​នឹង​ប្រាជ្ញា​វិញ ដែល​ពួក​អ្នក​តតាំង​ពុំ​អាច​នឹង​ឆ្លើយ​ឆ្លង ឬ​ទទឹង​ទាស់​បាន​ឡើយ

16. ប៉ុន្តែ ទោះ​ទាំង​ឪពុក​ម្តាយ បង​ប្អូន ញាតិ​សន្តាន ហើយ​មិត្រ​សំឡាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​នឹង​សំឡាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ

17. មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ

18. តែ​សូម្បី​សក់​១​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង

19. អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន។

20. ប៉ុន្តែ កាល​ណា​ឃើញ​ពល​ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន‌វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ

21. គ្រា​នោះ ត្រូវ​ឲ្យ​អ្នក​នៅ​ស្រុក​យូដា រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្តាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ

22. ដ្បិត​គ្រា​នោះ​ជា​គ្រា​សង‌សឹក ដើម្បី​នឹង​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក

23. ឯ​ពួក​ស្រីៗ ដែល​មាន​ផ្ទៃ​ពោះ ហើយ​ពួក​ដែល​បំបៅ​កូន នៅ​គ្រា​នោះ នឹង​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​នឹង​សេចក្ដី​ក្រោធ​ដល់​បណ្តា‌ជន​នេះ

24. គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។

25. កាល​ណោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ចន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្ដី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្ដី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក

26. មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក

សូមអានជំពូកពេញលេញ លូកា 21