គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 21:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ទ្រង់​ក្រឡេក​ព្រះ‌នេត្រ​ទត​ទៅ ឃើញ​ពួក​អ្នក​មាន កំពុង​តែ​ដាក់​ប្រាក់​ដង្វាយ​ក្នុង​ឃ្លាំង

2. ទ្រង់​ក៏​ឃើញ​ស្រី​មេម៉ាយ​ក្រ​ម្នាក់ ដាក់​ថ្វាយ​តែ​២​ស្លឹង​គត់

3. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័ល‌ក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់

4. ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្ដី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

5. កាល​អ្នក​ខ្លះ​កំពុង​តែ​និយាយ​ពី​ព្រះ‌វិហារ ដែល​ធ្វើ​នឹង​ថ្ម​យ៉ាង​ល្អ ហើយ​តាក់‌តែង​ដោយ​ដង្វាយ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

6. ឯ​របស់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ទៀត ឥត​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ

7. នោះ​គេ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​កាល​ណា​ការ​ទាំង​នេះ​នឹង​កើត​ឡើង តើ​មាន​ទី​សំគាល់​ណា ឲ្យ​ដឹង​ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​មក​ដល់

8. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ

9. កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង និង​ចលាចល នោះ​កុំ​ឲ្យ​ភ័យ​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ជា​មុន តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​ជា​ឆាប់​ម៉្លេះ​ទេ។

10. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា សាសន៍១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១

សូមអានជំពូកពេញលេញ លូកា 21