គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 20:27-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. នោះ​មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ដល់​ព្រះ‌យេស៊ូវ​ថា

28. លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង

29. ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ

30. ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ

31. អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់

32. ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ

33. ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា

34. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ

35. តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ

36. ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

37. រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប

38. ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សំរាប់​ទ្រង់

39. នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់

សូមអានជំពូកពេញលេញ លូកា 20