គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 20:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​កាល​១​ថ្ងៃ​នោះ កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បង្រៀន​ដល់​ពួក​ជន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ ក៏​មក​ដល់

2. គេ​ទូល​ទ្រង់​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក

3. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ ចូរ​ប្រាប់​មក​ខ្ញុំ​សិន

4. ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស

5. គេ​ក៏​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​វិញ​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់

6. តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​បណ្តា‌ជន​នឹង​ចោល​យើង​នឹង​ថ្ម ពី​ព្រោះ​គេ​ជឿ​ប្រាកដ​ថា យ៉ូហាន​នេះ​ជា​ហោរា​មែន

7. រួច​គេ​ទូល​ឆ្លើយ​ថា មិន​ដឹង​ជា​មក​ពី​ណា​ទេ

8. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ដល់​គេ​ថា ដូច្នេះ ខ្ញុំ​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ដែល​ខ្ញុំ​អាង​អំណាច​អ្វី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។

9. ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា‌ជន ជា​ពាក្យ​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់​បាន​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ក៏​ចេញ​ពី​ស្រុក​នោះ​ទៅ​ជា​យូរ

10. លុះ​ដល់​រដូវ​ហើយ គាត់​ក៏​ចាត់​បាវ​ទៅ​ឯ​ពួក​ធ្វើ​ចំការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង‌បាយ‌ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ គេ​វាយ​បណ្តេញ​បាវ​នោះ​ឲ្យ​មក​វិញ​ទទេ

11. គាត់​ចាត់​បាវ​១​ទៅ​ទៀត តែ​គេ​វាយ​បាវ​នោះ​ដែរ ទាំង​ដៀល​ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ទទេ

12. គាត់​ក៏​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ​ទៅ

13. នោះ​ថៅកែ​ចំការ​គិត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច អញ​នឹង​ចាត់​កូន​សំឡាញ់​របស់​អញ​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ នោះ​គេ​នឹង​កោត‌ខ្លាច​ដល់​វា

14. តែ​កាល​ពួក​ធ្វើ​ចំការ​បាន​ឃើញ នោះ​គេ​រិះ‌គិត​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​បាន​មរដក​មក​យើង​វិញ

15. គេ​ក៏​បោះ​ទៅ​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ដូច្នេះ តើ​ថៅកែ​ចំការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច

សូមអានជំពូកពេញលេញ លូកា 20