គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 2:6-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. កាល​កំពុង​តែ​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់

7. ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។

8. រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់

9. នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី‌ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង

10. តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តា‌ជន​ទាំង​អស់​គ្នា

11. ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់

12. ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក

13. នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា

14. សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់

15. កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេ‌ហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង

16. គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង

17. កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយ‌រ៉ាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស

18. ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក

សូមអានជំពូកពេញលេញ លូកា 2