គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 2:3-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. មនុស្ស​ទាំង​អស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន ដើម្បី​ចុះ​បញ្ជី

4. ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណា‌សារ៉ែត ស្រុក​កាលី‌ឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេ‌ហិម ពី​ព្រោះ​គាត់​ជា​ព្រះ‌វង្ស ហើយ​ជា​ព្រះ‌ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ

5. ដើម្បី​នឹង​ចុះ​បញ្ជី​ជា​មួយ​នឹង​ម៉ារា ដែល​បាន​បំរុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ

6. កាល​កំពុង​តែ​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់

7. ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។

8. រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់

9. នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី‌ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង

10. តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តា‌ជន​ទាំង​អស់​គ្នា

11. ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់

12. ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក

13. នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា

14. សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់

15. កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេ‌ហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង

16. គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង

17. កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយ‌រ៉ាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស

18. ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក

19. តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត

20. ឯ​ពួក​អ្នក​គង្វាល ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក។

21. លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។

22. លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះ‌ឱរស​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់

សូមអានជំពូកពេញលេញ លូកា 2