គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 19:7-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូ‌រទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប

8. ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​១​ជា​៤​វិញ

9. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ

10. ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់‌បង់។

11. កាល​គេ​កំពុង​តែ​ស្តាប់​សេចក្ដី​ទាំង​នោះ​នៅ​ឡើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ថែម​ទៀត ដោយ​ព្រោះ​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម

12. ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ

13. ក៏​ហៅ​ពួក​បាវ​១០​នាក់ មក​ប្រគល់​ប្រាក់​១០​ណែនដល់​គេ ដោយ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​ជំនួញ ដរាប​ដល់​អញ​ត្រឡប់​មក​វិញ

14. ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ​រាជ្យ​លើ​យើង​ទេ

15. លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​នីមួយៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់

16. អ្នក​មុន​ដំបូង​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​១០​ណែន​ទៀត

17. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ប្រពៃ​ហើយ​បាវ​ល្អ​អើយ ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្តិច​បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ

18. អ្នក​ទី​២​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​៥​ណែន​ទៀត

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​៥​ចុះ

20. អ្នក​១​ទៀត​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ នេះ​នែ​ប្រាក់​ណែន​របស់​ទ្រង់ ដែល​ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង

21. ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិត‌ប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​ទ្រង់​មិន​បាន​សាប‌ព្រោះ

សូមអានជំពូកពេញលេញ លូកា 19