20. អ្នក១ទៀតមកទូលថា ព្រះអម្ចាស់អើយ នេះនែប្រាក់ណែនរបស់ទ្រង់ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង
21. ដ្បិតទូលបង្គំនឹកខ្លាចទ្រង់ ព្រោះទ្រង់ជាមនុស្សប្រិតប្រៀប ទ្រង់លើកយករបស់ដែលទ្រង់មិនបានដាក់ ហើយច្រូតចំរូតដែលទ្រង់មិនបានសាបព្រោះ
22. នោះទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា បាវអាក្រក់អើយ អញនឹងជំនុំជំរះឯង តាមសំដីឯង ចុះបើឯងដឹងថា អញជាមនុស្សប្រិតប្រៀប ទាំងលើកយករបស់ដែលអញមិនបានដាក់ ហើយច្រូតចំរូតដែលអញមិនបានសាបព្រោះ
23. ដូច្នេះ តើហេតុអ្វីបានជាឯងមិនបានយកប្រាក់អញនោះ ទៅដាក់នៅឯផ្ទះចងការវិញ ដើម្បីដល់អញត្រឡប់មកវិញ នោះអញនឹងបានទាំងដើមទាំងការផង
24. ទ្រង់ក៏មានព្រះបន្ទូលទៅពួកអ្នក ដែលឈរនៅមុខលោកថា ចូរដកយកប្រាក់១ណែនពីវាចេញ ហើយឲ្យដល់អ្នកដែលមាន១០ណែនវិញ
25. (អ្នកទាំងនោះទូលទ្រង់ថា ព្រះអម្ចាស់អើយ អ្នកនោះមាន១០ណែនហើយ)
26. ដ្បិតអញប្រាប់ឯងរាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះគេនឹងហូតយកទាំងរបស់ដែលអ្នកនោះមានចេញផង
27. មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។
28. លុះទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម
29. កាលយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេថានី នៅក្បែរភ្នំ ដែលហៅថាភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា
30. ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក
31. បើអ្នកណាសួរអ្នកថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ពីព្រោះព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
32. ពួកអ្នកដែលទ្រង់បានចាត់នោះ ក៏ទៅឃើញមានដូចជាទ្រង់ប្រាប់
33. កំពុងដែលគេស្រាយកូនលា ម្ចាស់វាក៏សួរថា អ្នកស្រាយវាធ្វើអី
34. គេឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
35. រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់