1. លុះទ្រង់បានចូលទៅក្នុងក្រុងយេរីខូរ ក៏យាងកាត់ទីក្រុងទៅ
2. នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកយកពន្ធ
3. គាត់ខំរកមើលព្រះយេស៊ូវ ដែលទ្រង់មានបែបភាពជាយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ ហើយគាត់ក៏តូចទាបផង
4. ដូច្នេះ គាត់រត់ទៅពីខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញទ្រង់ ព្រោះទ្រង់ត្រូវយាងមកតាមនោះ
5. កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក
6. គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ
7. កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប