គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 15:5-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ

6. លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ

7. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ នឹង​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ។

8. ឬ​មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​១០​ដួង បើ​បាត់​១ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត ទាល់​តែ​បាន​ឃើញ​ទេ​ឬ​អី

9. កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ និង​អ្នក​ជិត​ខាង​មក​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ

10. ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្ដី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ។

11. រួច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២

12. កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក គាត់​ក៏​ចែក​ទ្រព្យ​នោះ​ដល់​កូន

13. ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត

14. កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្ដី​ទ័ល‌ក្រ

15. រួច​ទៅ​បំរើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក

16. វា​មាន​ចិត្ត​ចង់​ចំអែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ

17. កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ

18. អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន

19. ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ

សូមអានជំពូកពេញលេញ លូកា 15