គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 15:19-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ

20. នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា

21. ទើប​វា​និយាយ​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ

22. តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ឲ្យ​ផង

23. រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត

24. ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ

25. ឯ​កូន​ច្បង​នៅ​ឯ​ចំការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ

26. គាត់​ហៅ​ពួក​បាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង

27. បាវ​នោះ​ជំរាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខ‌សាន្ត

28. ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ទៅ​សោះ បាន​ជា​ឪពុក​ចេញ​មក​អង្វរ​ដល់​គាត់

29. តែ​គាត់​ឆ្លើយ​ថា មើល​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ​ឡើយ

30. ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្តិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង​នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សំឡាប់​កូន​គោ ដែល​បំប៉ន​ឲ្យ​វា​ភ្លាម

31. ឪពុក​ក៏​តប​ថា កូន​អើយ ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ

32. គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពី​ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់‌បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ។

សូមអានជំពូកពេញលេញ លូកា 15