គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 13:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។

6. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចំការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ

7. ក៏​និយាយ​ទៅ​អ្នក​រក្សា​ចំការ​ថា មើល ៣​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ មិន​ដែល​បាន​សោះ ដូច្នេះ ចូរ​កាប់​ចោល​ទៅ ទុក​ឲ្យ​នៅ​បង្ខាត​ដី​ធ្វើ​អី

8. តែ​អ្នក​នោះ​ឆ្លើយ​ថា សូម​លោក​ទុក​នៅ​១​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី ល​មើល

9. ក្រែង​កើត​មាន​ផល​ផ្លែ​ឡើង បើ​គ្មាន​ទេ នោះ​សូម​កាប់​ចោល​ទៅ​ចុះ។

10. កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​១ នៅ​ថ្ងៃ​ឈប់​សំរាក

11. នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់ ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​១៨​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ

12. លុះ​ទ្រង់​បាន​ឃើញ​គាត់ ក៏​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​មក ប្រាប់​ថា នាង​អើយ នាង​បាន​រួច​ពី​ជរា​ពិការ​ហើយ

13. រួច​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់ នោះ​គាត់​ក៏​ងើប​ត្រង់​ឡើង​ជា​១​រំពេច ហើយ​ពោល​ពណ៌នា​សរសើរ​ដល់​ព្រះ

14. ឯ​មេ​សាលា​ប្រជុំ​គាត់​នឹក​គ្នាន់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា មាន​តែ​៦​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ជា​ចុះ កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​ឈប់​សំរាក​ឡើយ

15. នោះ​ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​ឈប់​សំរាក​ទេ​ឬ​អី

16. ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រាហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​១៨​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ​ទេ​ឬ​អី

សូមអានជំពូកពេញលេញ លូកា 13