គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 13:18-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​នគរ​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​នគរ​នោះ

19. គឺ​ធៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ច្បារ​ខ្លួន វា​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ​យ៉ាង​ធំ ហើយ​សត្វ​ហើរ​លើ​មេឃ​ក៏​មក​ទំ​នៅ​មែក​បាន

20. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា តើ​គួរ​ឲ្យ​ខ្ញុំ​ធៀប​នគរ​ព្រះ​ដូច​ជា​អ្វី

21. នោះ​ត្រូវ​ធៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់។

22. ទ្រង់​ក៏​យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្តើរ ហើយ​ចេះ​តែ​ដំរង់​ត្រង់​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

23. ក៏​មាន​ម្នាក់​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ដែល​បាន​សង្គ្រោះ មាន​គ្នា​តែ​បន្តិច​ទេ​ឬ​អី តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា

24. ចូរ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ឲ្យ​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​រក​ចូល​ដែរ តែ​ចូល​មិន​បាន​ទេ

25. កាល​ណា​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​បិទ​ទ្វារ នោះ​អ្នក​រាល់​គ្នា​នឹង​ចាប់​តាំង​ឈរ​ពី​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ

26. រួច​អ្នក​រាល់​គ្នា​នឹង​តាំង​ទូល​ថា យើង​ខ្ញុំ​បាន​ទទួល​ទាន​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បាន​បង្រៀន​តាម​ផ្លូវ​យើង​ខ្ញុំ​ដែរ

27. តែ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ

28. ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​ត្រូវ​បោះ​ទៅ​ក្រៅ នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ នៅ​ទី​នោះ ដោយ​ឃើញ​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​នគរ​ព្រះ

29. ដ្បិត​នឹង​មាន​មនុស្ស​ពី​ទិស​ខាង​កើត ខាង​លិច ខាង​ជើង ហើយ​ខាង​ត្បូង មក​អង្គុយ​ក្នុង​នគរ​ព្រះ​ដែរ

30. ហើយ​មើល​នឹង​មាន​មនុស្ស​ក្រោយ​ទៅ​ជា​មុន និង​មនុស្ស​មុន​ទៅ​ជា​ក្រោយ​វិញ។

សូមអានជំពូកពេញលេញ លូកា 13