គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:48-59 ព្រះគម្ពីរបរិសុទ្ធ (KHOV)

48. ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។

49. ខ្ញុំ​បាន​មក ដើម្បី​នឹង​បោះ​ភ្លើង​នៅ​លើ​ផែនដី បើ​ភ្លើង​នោះ​ឆេះ​ហើយ តើ​ខ្ញុំ​នៅ​ចង់​បាន​អ្វី​ទៀត

50. តែ​ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​១សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់​យ៉ាង​ដូច​ម្តេច​ទៅ​ហ្ន៎ ទំរាំ​តែ​បុណ្យ​នោះ​បាន​សំរេច

51. តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​កើត​ប្រដិបក្ស​វិញ​ទេ​តើ

52. ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​៥​នាក់​ក្នុង​ផ្ទះ​១​បាក់​បែក​គ្នា គឺ​៣​នាក់​ទាស់​នឹង​២​នាក់ ហើយ​២​នាក់​ទាស់​នឹង​៣​នាក់

53. ឯ​ឪពុក នឹង​បាក់​បែក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្តាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ ម្តាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក​ដែរ។

54. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា​មនុស្ស​ដែរ​ថា កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​ពី​ទិស​ខាង​លិច ស្រាប់​តែ​អ្នក​រាល់​គ្នា​ថា ចង់​ភ្លៀង​ហើយ រួច​ក៏​មាន​ដូច្នោះ​មែន

55. ហើយ​កាល​ណា​ខ្យល់​បក់​ពី​ខាង​ត្បូង នោះ​អ្នក​រាល់​គ្នា​ថា ថ្ងៃ​នេះ មុខ​ជា​ក្តៅ នោះ​ក៏​មាន​ដែរ

56. ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សភាព​ដី ហើយ​នឹង​មេឃ​បាន ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ស្គាល់​ពេល​វេលា​នេះ។

57. ហើយ​ហេតុ​អ្វី​បាន​ជា​មិន​ពិចារណា ក្នុង​ខ្លួន​អ្នក​រាល់​គ្នា ពី​សេចក្ដី​ណា​ដែល​សុចរិត

58. ដ្បិត​ដែល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​ឯ​ចៅ‌ហ្វាយ ជា​មួយ​នឹង​សត្រូវ​អ្នក នោះ​ចូរ​ខំ​ប្រឹង​ដោះ​ខ្លួន​ឲ្យ​រួច​ចេញ ក្រែង​គេ​ទាញ​អូស​អ្នក​ទៅ​ឯ​ចៅ‌ក្រម ចៅ‌ក្រម​ប្រគល់​អ្នក​ដល់​នាយ​ភូឃុំ ហើយ​នាយ​ភូឃុំ​នឹង​ដាក់​អ្នក​ជាប់​គុក

59. ខ្ញុំ​ប្រាប់​អ្នក​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​កន្លះ​សេន​នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។

សូមអានជំពូកពេញលេញ លូកា 12