គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:41-57 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​ត្រឹម​យើង​ខ្ញុំ​ប៉ុណ្ណោះ ឬ​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ

42. ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចុះ​តើ​អ្នក​ណា​ជា​នាយ​ដំរួត​ការ​ដែល​ស្មោះ‌ត្រង់ មាន​មារយាទ​ល្អ ដែល​ចៅ‌ហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល

43. បើ​កាល​ចៅ‌ហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​វា​មាន​ពរ​ហើយ

44. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​តាំង​អ្នក​នោះ ឲ្យ​ត្រួត​ត្រា​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់

45. ប៉ុន្តែ បើ​អ្នក​បំរើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ចៅ‌ហ្វាយ​អញ​ក្រ​មក ហើយ​ក៏​តាំង​វាយ​ពួក​បាវ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង​វិញ

46. ដូច្នេះ ដល់​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​នៅ​ចាំ ហើយ​វេលា​ណា​ដែល​មិន​ដឹង នោះ​ចៅ‌ហ្វាយ​នឹង​មក​ដល់ ក៏​នឹង​ធ្វើ​ទោស​ជា​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មិន​ជឿ​ផង

47. អ្នក​បំរើ​ណា​ដែល​ស្គាល់​ចិត្ត​ចៅ‌ហ្វាយ តែ​មិន​បាន​រៀប‌ចំ ឬ​ធ្វើ​តាម​ចិត្ត​លោក​សោះ នោះ​នឹង​ត្រូវ​រំពាត់​ជា​យ៉ាង​ច្រើន

48. ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។

49. ខ្ញុំ​បាន​មក ដើម្បី​នឹង​បោះ​ភ្លើង​នៅ​លើ​ផែនដី បើ​ភ្លើង​នោះ​ឆេះ​ហើយ តើ​ខ្ញុំ​នៅ​ចង់​បាន​អ្វី​ទៀត

50. តែ​ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​១សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់​យ៉ាង​ដូច​ម្តេច​ទៅ​ហ្ន៎ ទំរាំ​តែ​បុណ្យ​នោះ​បាន​សំរេច

51. តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​កើត​ប្រដិបក្ស​វិញ​ទេ​តើ

52. ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​៥​នាក់​ក្នុង​ផ្ទះ​១​បាក់​បែក​គ្នា គឺ​៣​នាក់​ទាស់​នឹង​២​នាក់ ហើយ​២​នាក់​ទាស់​នឹង​៣​នាក់

53. ឯ​ឪពុក នឹង​បាក់​បែក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្តាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ ម្តាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក​ដែរ។

54. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា​មនុស្ស​ដែរ​ថា កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​ពី​ទិស​ខាង​លិច ស្រាប់​តែ​អ្នក​រាល់​គ្នា​ថា ចង់​ភ្លៀង​ហើយ រួច​ក៏​មាន​ដូច្នោះ​មែន

55. ហើយ​កាល​ណា​ខ្យល់​បក់​ពី​ខាង​ត្បូង នោះ​អ្នក​រាល់​គ្នា​ថា ថ្ងៃ​នេះ មុខ​ជា​ក្តៅ នោះ​ក៏​មាន​ដែរ

56. ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សភាព​ដី ហើយ​នឹង​មេឃ​បាន ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ស្គាល់​ពេល​វេលា​នេះ។

57. ហើយ​ហេតុ​អ្វី​បាន​ជា​មិន​ពិចារណា ក្នុង​ខ្លួន​អ្នក​រាល់​គ្នា ពី​សេចក្ដី​ណា​ដែល​សុចរិត

សូមអានជំពូកពេញលេញ លូកា 12