គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:3-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដូច្នេះ គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​និយាយ ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្ដី​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ

4. តែ​ពួក​សំឡាញ់​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូប‌កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ

5. ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សំឡាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង អើ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ‌អង្គ​ចុះ

6. តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ

7. សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន

8. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ

9. តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ

10. ឯ​អស់​អ្នក​ណា ដែល​ពោល​ពាក្យ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​បាន​អត់​ទោស​ឲ្យ តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​មិន​បាន​អត់​ទោស​ឲ្យ​ឡើយ

11. កាល​ណា​គេ​បណ្តើរ​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ពួក​ជំនុំ​គេ ឬ​ចំពោះ​ចៅ‌ក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ឲ្យ​បារម្ភ​ព្រួយ ពី​បែប​យ៉ាង​ណា ឬ​ពី​ពាក្យ​អ្វី ដែល​នឹង​ត្រូវ​ឆ្លើយ​ដោះ​សា ឬ​និយាយ​នោះ​ឡើយ

12. ដ្បិត​គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង។

13. មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង

14. ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា

15. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ‌សម្បត្តិ​ជា​បរិបូរ​ទេ

16. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ

17. ហើយ​អ្នក​នោះ​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ

18. ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល និង​ទ្រព្យ‌សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ

សូមអានជំពូកពេញលេញ លូកា 12