គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:29-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ

30. ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ៍​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ

31. ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង

32. កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត

33. ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ

34. ព្រោះ​សម្បត្តិ‌ទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។

35. ចូរ​ឲ្យ​ចង្កេះ​អ្នក​រាល់​គ្នា​នៅ​ជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ

36. ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​មនុស្ស ដែល​នៅ​រង់‌ចាំ​ចៅ‌ហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ី​ការ​វិញ ដើម្បី​កាល​ណា​លោក​មក​គោះ​ទ្វារ​ហៅ នោះ​ឲ្យ​បាន​បើក​ឲ្យ​ជា​១​រំពេច

37. បើ​កាល​ណា​ចៅ‌ហ្វាយ​មក​ដល់ ឃើញ​ពួក​បាវ​កំពុង​តែ​ចាំ​យាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ខ្លួន​លោក មក​បំរើ​គេ​វិញ

38. បើ​លោក​មក​ដល់​ក្នុង​យាម​ទី​២ ឬ​យាម​ទី​៣ ហើយ​ឃើញ​ពួក​បាវ​នៅ​ចាំ​យាម​ដូច្នោះ​ដដែល នោះ​គេ​មាន​ពរ​ហើយ

39. តែ​ត្រូវ​ដឹង​សេចក្ដី​នេះ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ជា​ចោរ​នឹង​មក​នៅ​វេលា​ថ្មើរ​ម៉ាន នោះ​គាត់​នឹង​ចាំ​យាម មិន​ឲ្យ​ចោរ​ទំលុះ​ផ្ទះ​បាន​ទេ

40. ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បំរុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។

41. ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​ត្រឹម​យើង​ខ្ញុំ​ប៉ុណ្ណោះ ឬ​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ

42. ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចុះ​តើ​អ្នក​ណា​ជា​នាយ​ដំរួត​ការ​ដែល​ស្មោះ‌ត្រង់ មាន​មារយាទ​ល្អ ដែល​ចៅ‌ហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល

សូមអានជំពូកពេញលេញ លូកា 12