គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:24-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប‌ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​ដំឡៃ​លើស​ជាង​សត្វ​ស្លាប​អម្បាលម៉ាន​ទៅ​ទៀត

25. តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កំពស់​ខ្លួន​ឡើង​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ

26. ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ នោះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត​ធ្វើ​អី

27. ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច វា​មិន​ដែល​នឿយ​ធ្វើ​ការ‌ងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូ‌ម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង

28. ឯ​តិណ‌ជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង‌ក្រាន នោះ​បើ​ព្រះ​ទ្រង់​តុប‌តែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត

29. កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ

30. ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ៍​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ

31. ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង

32. កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត

33. ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ

34. ព្រោះ​សម្បត្តិ‌ទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។

35. ចូរ​ឲ្យ​ចង្កេះ​អ្នក​រាល់​គ្នា​នៅ​ជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ

36. ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​មនុស្ស ដែល​នៅ​រង់‌ចាំ​ចៅ‌ហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ី​ការ​វិញ ដើម្បី​កាល​ណា​លោក​មក​គោះ​ទ្វារ​ហៅ នោះ​ឲ្យ​បាន​បើក​ឲ្យ​ជា​១​រំពេច

37. បើ​កាល​ណា​ចៅ‌ហ្វាយ​មក​ដល់ ឃើញ​ពួក​បាវ​កំពុង​តែ​ចាំ​យាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ខ្លួន​លោក មក​បំរើ​គេ​វិញ

38. បើ​លោក​មក​ដល់​ក្នុង​យាម​ទី​២ ឬ​យាម​ទី​៣ ហើយ​ឃើញ​ពួក​បាវ​នៅ​ចាំ​យាម​ដូច្នោះ​ដដែល នោះ​គេ​មាន​ពរ​ហើយ

39. តែ​ត្រូវ​ដឹង​សេចក្ដី​នេះ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ជា​ចោរ​នឹង​មក​នៅ​វេលា​ថ្មើរ​ម៉ាន នោះ​គាត់​នឹង​ចាំ​យាម មិន​ឲ្យ​ចោរ​ទំលុះ​ផ្ទះ​បាន​ទេ

40. ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បំរុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។

41. ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​ត្រឹម​យើង​ខ្ញុំ​ប៉ុណ្ណោះ ឬ​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ

សូមអានជំពូកពេញលេញ លូកា 12