45. មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះឈ្មោះថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ
46. ទ្រង់មានព្រះបន្ទូលឆ្លើយថា វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពិបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃ១ឆ្កឹះបន្ទុកនោះផង
47. វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើម៉ុងឲ្យពួកហោរា ដែលពួកអយ្យកោអ្នករាល់គ្នាបានសំឡាប់បង់
48. ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ថា អ្នករាល់គ្នាយល់ព្រមតាមការ ដែលពួកអយ្យកោបានធ្វើហើយនោះ ដ្បិតពួកអយ្យកោបានសំឡាប់គេមែន ហើយអ្នករាល់គ្នាធ្វើម៉ុងឲ្យដែរ
49. ដោយហេតុនោះបានជាប្រាជ្ញានៃព្រះបានសំដែងថា អញចាត់ពួកហោរា ហើយពួកសាវកទៅឯគេ គេនឹងសំឡាប់ខ្លះ ហើយបណ្តេញខ្លះ
50. ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយ តាំងពីកំណើតលោកីយ៍រៀងមកនោះ បានត្រូវទារពីមនុស្សដំណនេះវិញ