គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 11:41-54 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា

42. តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារី‌ស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ និង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​វិញ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ទាំង​នេះ​វិញ ហើយ​ឥត​ចោល​ការ​ខាង​ដើម​នោះ​ផង

43. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារី‌ស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នឹង​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ

44. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​អ្នក​មាន​ពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ឥត​ដឹង​ទេ។

45. មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​ឈ្មោះ​ថា​ត្មះ‌តិះដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ

46. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​១​ឆ្កឹះ​បន្ទុក​នោះ​ផង

47. វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​បាន​សំឡាប់​បង់

48. ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ ដែល​ពួក​អយ្យកោ​បាន​ធ្វើ​ហើយ​នោះ ដ្បិត​ពួក​អយ្យកោ​បាន​សំឡាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ដែរ

49. ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​នៃ​ព្រះ​បាន​សំដែង​ថា អញ​ចាត់​ពួក​ហោរា ហើយ​ពួក​សាវក​ទៅ​ឯ​គេ គេ​នឹង​សំឡាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ

50. ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ៍​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ

51. គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សំឡាប់ នៅ​កណ្តាល​អាសនា និង​វិហារ​ផង អើ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ

52. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាម​ឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ។

53. កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ ដល់​គេ​រួច​ហើយ នោះ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់‌ពេក ឲ្យ​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​ជា​ច្រើន​ទៅ​ទៀត

54. ដោយ​ចាំ​ពិនិត្យ​ពិចារណា​មើល​ទាំង​រក​ហេតុ​នឹង​ចាប់​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់។

សូមអានជំពូកពេញលេញ លូកា 11