គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 11:27-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ

28. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​កាន់​តាម។

29. កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា​តាន់‌តាប់​ជា​ខ្លាំង ហើយ​ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សំគាល់​ទេ តែ​គ្មាន​ទី​សំគាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​នៃ​ហោរា​យ៉ូណាស​ឡើយ

30. ពី​ព្រោះ ដូច​ជា​លោក​យ៉ូណាស​ជា​ទី​សំគាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សំគាល់ ដល់​មនុស្ស​ដំណ​នេះ​យ៉ាង​ដូច្នោះ​ដែរ

31. នៅ​ថ្ងៃ​ជំនុំ​ជំរះ មហា‌ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ​ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​ហ្លួង​សាឡូ‌ម៉ូន ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស​លើស​ជាង​ហ្លួង​សាឡូ‌ម៉ូន​ទៅ​ទៀត

32. នៅ​ថ្ងៃ​ជំនុំ​ជំរះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។

33. គ្មាន​អ្នក​ណា​ដែល​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ​ភ្លឺ

34. ឯ​ចង្កៀង​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត​វិញ

35. ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​វិញ

36. បើ​សិន​ជា​រូប‌កាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ។

37. កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​មាន​ពួក​ផារី‌ស៊ី​ម្នាក់ ទូល​សូម​ទ្រង់​ឲ្យ​យាង​ទៅ​សោយ​ជា​មួយ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ

38. កាល​អ្នក​ផារី‌ស៊ី​នោះ​បាន​ឃើញ ក៏​នឹក​ប្លែក​ណាស់ ដែល​ទ្រង់​មិន​បាន​លាង​ព្រះ‌ហស្ត​មុន​នឹង​សោយ

39. ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារី‌ស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី និង​អំពើ​អាក្រក់​វិញ

40. ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ​អី

41. ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា

សូមអានជំពូកពេញលេញ លូកា 11